Saturday, October 15, 2016

ផលប្រយោជន៍នៃកសិកម្ម


      
  កសិកម្ម គឺជាការដាំដុះ និងការចិញ្ចឹមសត្វ។ អ្នកដែលដាំដុះ ឬ ចិញ្ចឹមសត្វ គេហៅថាកសិករ ឬ កសិការ។ផលដែលបានមកពីការធ្វើកសិកម្មគេហៅថា កសិផល តែពាក្យកសិផលគេច្រើនសំដៅលើផលដែលបានមកពីការដាំដុះដំណាំជាងការចិញ្ចឹមសត្វ។ កសិកម្មផ្តល់ផលប្រយោជន៍៥យ៉ាងចំពោះមនុស្សជាតិ។ ទី១ កសិកម្មបង្កើតការងារនិងផ្តល់ប្រាក់ចំណូលដល់ប្រជាជនរាប់លាននាក់ដោយផ្ទាល់និងដោយប្រយោល។ ទី២ កសិកម្មផ្តល់ម្ហូបអាហារដូចជាគ្រាប់ធញ្ញជាតិ ស៊ុត សាច់ បន្លែ ផ្លែឈើ សម្រាប់ចិញ្ចឹមមនុស្សទូទាំងពិភពលោក។ ទី៣ កសិកម្មនូវផ្តល់សម្ភារៈប្រើប្រាស់តាមរយៈការកែច្នៃវត្ថុធាតុដើមចេញពីកសិកម្ម​ នៅក្នុងសិប្បកម្ម និង ឧស្សាហកម្មដើម្បីផលិតវត្ថុប្រើប្រាស់ដូចជា  កប្បាស និង សូត្រសម្រាប់ធ្វើសម្លៀកបំពាក់ ជ័រកៅស៊ូសម្រាប់ធ្វើសំបកកង់រថយន្ត ធុងទឹក ស្បែកជើង ជាដើម។  ទី៤ កសិផលមួួយចំនួនអាចកែច្នៃជា អេតាណុល ថាមពលអគ្គីសនី ប្រេងម៉ាសូតជាដើម។ ដំណាំកសិកម្មមួយចំនួនដូចល្ហុងខ្វង ដូងប្រេងជាដើម អាចកែច្នៃជាប្រងម៉ាសូតដែលជាប្រភពថាមពល និងជំនួសប្រេងសាំងបាន ។មិនត្រឹមតែប៉ុណ្ណោះទេ ទី៥ កសិកម្មផ្តល់វត្ថុធាតុដើមសម្រាប់ធ្វើជាឱសថព្យាបាលជំងឺ។
  


Friday, October 14, 2016

ជីវជាតិ និង ជីជាតិ

ជីវជាតិ គឺជាធាតុដែលមាននៅក្នុងអាហារដើម្បីឲ្យមនុស្ស និង សត្វរស់រាន និង លូតលាស់។ ធាតុក្នុងអាហារសំខាន់ៗរបស់មនុស្សនិងសត្វមានដូចជា ប្រូតេអ៊ីន លីពីត ថាមពល វីតាមីន រ៉ែ ជាដើម។ អាហារមានជីវជាតិមានសារធាតុចិញ្ចឹមគ្រប់គ្រាន់និងធ្វើឲ្យសារពាង្គកាយមានសុខភាពល្អ។
ជីជាតិ គឺជាធាតុដែលមាននៅក្នុងដីធ្វើឲ្យដំណាំដុះលូតលាស់ល្អ។ ជីជាតិជាអាហាររបស់រុក្ខជាតិដើម្បីដុះលូតលាស់។ ដីដែលមានជីជាតិជាដីសំបូរទៅដោយ អាសូត(N) ផូស្វ័រ(P) ប៉ូតាស្យូម(K) រ៉ែ ដែក ម៉ាញ៉េស្យូម សង្ហ័សី ជាដើម។
          ដូច្នេះ ជីវជាតិជាធាតុសំខាន់ដែលមាននៅក្នុងអាហាររស់មនុស្ស និងសត្វ។ ជីជាតិជាធាតុសំខាន់ដែលមានក្នុងអាហាររបស់រុក្ខជាតិ។ ដីដែលមានជីជាតិធ្វើឲ្យដំណាំដុះលូតលាស់ល្អ ហើយផលនៃដំណាំនោះក្លាយជាអាហារដ៍មានជីវជាតិសម្រាប់មនុស្សសត្វ ព្រោះអាហារទាំងនោះមានផ្ទុកប្រូតេអ៊ីន វីតាមីន ថាមពល ជាដើម។ កាកសំណល់នៃការបរិភោគរបស់មនុស្ស និង សត្វ បានក្លាយជាជី ដែលធ្វើឲ្យដីមានជីជាតិល្អឡើងវិញ។



គុណនាមក្នុងភាសាខ្មែរនិងអង់គ្លេស

នៅក្នុងភាសាអង់គ្លេស គុណនាម ដែលបញ្ជាក់ន័យឲ្យនាមតែងតែនៅពីខាងមុខនាមនោះជានិច្ច។ តែក្នុងភាសាខ្មែរ គុណនាម បញ្ជាក់ន័យឲ្យ​នាមមួយទៀតភាគច្រើននៅពីក្រោយនាមដែលត្រូវបញ្ជាក់ឲ្យនោះ។​ ឧទាហរណ៏៖  Yellow (គុណនាម) ពណ៍លឿង  book (នាម) សៀវភៅ ។ បើយើងផ្សំពាក្យបញ្ចូលគ្នាគឺ Yellow book (សៀវភៅពណ៍លឿង)។  នៅក្នុងភាសាខ្មែរយើងពាក្យផ្សំមួយចំនួនក៍ប្រើដូចភាសាអង់គ្លេសដែរ។ ឧទាហរណ៏៖  ឧត្តម( គុណនាម) មានន័យថា ខ្ពស់ ឬ ខ្ពង់ខ្ពស់។ មន្ត្រី (នាម) អ្នករាជការដែលមានកិត្តិយស។ឧត្តមមន្រ្តី (នាម) មន្រ្តីថ្នាក់ខ្ពស់។ នេះជាឧទាហរណ៏​បង្ហាញគុណនាម(ឧត្តម)ដែលបញ្ជាក់ន័យឲ្យនាមស្ថិតនៅពីខាងមុខនាម(មន្រ្តី)ដែលត្រូវបញ្ជាក់ ។

ដូច្នេះ គុណនាម ដែលបញ្ជាក់ន័យឲ្យនាម នៅក្នុងភាសាអង់គ្លេស ស្ថិតនៅពីខាងមុខនាមដែលវាបញ្ជាក់ជានិច្ច។ ចំនែកភាសាខ្មែរ គុណនាមដែលបញ្ជាក់ន័យឲ្យនាមភាគច្រើននៅពីក្រោយនាម ហើយមានមួយចំនួននៅខាងមុខនាមដែរ។